ភ្នំពេញ៖ លទ្ធផលចាប់ពូលប្រកួតពានរង្វាន់យុវជនក្រោមអាយុ
១៩ឆ្នាំប្រចាំតំបន់អាស៊ាន ឬ AFF U-19 Championship ឆ្នាំ២០១៦នេះ
បានចេញជាផ្លូវការហើយ ដោយក្រុម U-19កម្ពុជា ស្ថិតក្នុងពូលB
ជាមួយក្រុមយុវជនក្រោមអាយុ ១៩ឆ្នាំឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី ឥណ្ឌូនេស៊ី
និងក្រុមការពារតំណែងជើងឯកថៃ ដែលការប្រកួតឆ្នាំនេះវៀតណាមធ្វើជាម្ចាស់ផ្ទះ
ចាប់ពីថ្ងៃទី១១-២៤ ខែកញ្ញាខាងមុខនេះ ។
កាលពីឆ្នាំ២០១៥ កន្លងទៅ នៅលើទឹកដីប្រទេសឡាវ ក្រុម U-19កម្ពុជា
បានបង្ហាញទម្រង់លេងយ៉ាងល្អដែលបានធ្វើឲ្យសមាជិកក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្អើល
បើទោះបីមិនបានឆ្លងផុតវគ្គជម្រុះក្នុងពូលក៏ដោយ ។ កាលណោះ កម្ពុជា
បានប្រកួតជម្រុះ ៤ប្រកួតក្នុងនោះឈ្នះ២ ស្មើ១ និងចាញ់១ រកបាន
៧ពិន្ទុស្មើគ្នាជាមួយក្រុមឈរលេខ២ ក្នុងពូលA ឡាវ
ប៉ុន្ដែចាញ់គ្រាប់បាល់ចំណេញទើបមិនបានឡើងវគ្គបន្ដ ។នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែលក្រុម U-19កម្ពុជា ត្រៀមបញ្ចេញសមត្ថភាពស្វែងរកជ័យលាភីជូនជាតិ គ្រាដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Chmapionship ឆ្នាំ២០១៦នេះដែរនោះ ។ ប៉ុន្ដែយ៉ាងណាមិនទល់នឹងពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បញ្ចេញសមត្ថភាពកីឡាករ U-19កម្ពុជាដែលត្រៀមទៅចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ានខាងលើនោះទេ ។
ដោយឡែកចំពោះពូលA វិញ គឺមានក្រុមយុវជនម្ចាស់ផ្ទះវៀតនាម ម៉ាឡេស៊ី ទីម័រខាងកើ សិង្ហបុរី និងក្រុមកីឡាករមាឌធំហ្វីលីពីន ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្រុម U-19ថៃ គឺជាអ្នកគ្រងតំណែងជើងឯក បន្ទាប់ពីបំបាក់ក្រុម U-19វៀតណាម ដោយលទ្ធផល ៦-០នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅក្រុមម្ចាស់ផ្ទះឡាវ ៕
ប្រភព : CamSports
EmoticonEmoticon